ដឹងដំណឹងថា Ronaldo ចូលរួមជាមួយ Man United ស្រាប់តែគ្រូបង្វឹកក្រុមតោខៀវពោលបែបនេះថា…

យោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Tribal Football បានឱ្យដឹងថា លោក Thomas Tuchel គ្រូបង្វឹកក្រុមតោខៀវ Chelsea ជឿជាក់ថាក្រុមបិសាចក្រហម Manchester United នឹងកាន់តែខ្លាំងខ្លាជាមួយនឹងវត្តមាន គ្រីស្ទៀណូរ៉ូណាល់ដូ (Cristiano Ronaldo)។

ក្រោយពីគ្រូបង្វឹកក្រុមសេះបង្កង់ Juventus លោក Max Allegri និយាយថា Ronaldo ចង់ចាកចេញ លោក Tuchel បានបញ្ចេញប្រតិកម្មថា៖ “ខ្ញុំមិនដឹងថាវាល្អដែរទេ បើសិនជា Ronaldo លេងឱ្យក្លិបគូប្រជែងណាមួយរបស់យើង។ បើគាត់លេងនៅអុីតាលី រឿងចាញ់ឈ្នះខ្ញុំអាចរៀបចំបានល្អ តែបើនៅ Premier League វិញ វានឹងពិបាកសម្រាប់ខ្ញុំជាគ្រូបង្វឹក”។

គាត់បន្តថា៖ “ក្របខ័ណ្ឌ Premier League នឹងកាន់តែមានការប្រកួតប្រជែងខ្ពស់ ក្រោយវត្តមាន Ronaldo ហើយការប្រកួតក្នុងលីគនឹងកាន់តែពិបាកយកជ័យជម្នះដូចគ្នា” ។

គួរបញ្ជាក់ផងដែរថា ក្លិបបិសាចក្រហម Manchester United បានប្រកាសជាផ្លូវការនៅបណ្ដាញសង្គមហ្វេសប៊ុករបស់ក្លិបថាពួកគេបានព្រមព្រៀងលក្ខខណ្ឌជាមួយ Ronaldo អស់ហើយ និងបានស្វាគមន៍ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះចំពោះការវិលត្រឡប់មកផ្ទះវិញ ក្រោយចាកចេញតាំងពីឆ្នាំ ២០០៩ ទៅកាន់ក្លិប Real Madrid ។

ក្នុងអំឡុងពេលបង្ហាញខ្លួនជាមួយបិសាចក្រហមនារដូវកាលឆ្នាំ ២០០៣-២០០៤ ដល់ ២០០៨-២០០៩ ខ្សែប្រយុទ្ធរូបនេះ បានបង្ហាញខ្លួន ២៩២ ប្រកួត និងអាចរកបានដល់ទៅ ១១៨ គ្រាប់ឯណោះឱ្យក្លិបបិសាចក្រហម៕

ប្រភពពី៖ Tribal Football

Leave a Reply

Your email address will not be published. Required fields are marked *